- រោងភាពយន្តនៃវិទ្យាស្ថាន
- ថ្ងៃអង្គារ ទី៥ ខែមីនា វេលាម៉ោង ៦កន្លះល្ងាច
- សួង សុខរ៉ូ នាយកប្រតិបត្តិអង្គការយសោធរ និងបេក្ខជនបណ្ឌិតផ្នែកនរវិទ្យានិងប្រវត្តិសាស្ត្រនៅ INALCO
- ជាភាសាខ្មែរ បកប្រែជាបារាំង
[LIRE EN FRANÇAIS]
ដើម្បីស្វែងយល់ពីប្រវត្តិសុខាភិបាលទូទៅនៅស្រុកខ្មែរ គេត្រូវងាកត្រឡប់ទៅមើលអតីតកាលយ៉ាងហោចណាស់ជិត១០០០ឆ្នាំឡើងវិញ។ ភស្តុតាងជាប្រវត្តិសាស្ត្រស្តីពីសុខាភិបាលខ្មែរបុរាណ លេចឡើងច្បាស់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ពោលគឺក្នុងរវាងស.វ.ទី១២។ តាមរយៈសិលាចារឹក តាព្រហ្ម គេដឹងថាក្នុងរាជ្យរបស់ព្រះអង្គមានមន្ទីរពេទ្យ (អរោគ្យសាលា) ចំនួន១០២ត្រូវគេសង់ឡើងនូវទូទាំងព្រះនគរ ហើយមន្ទីរពេទ្យទាំងនោះមានដំណើរការប្រហាក់ប្រហែលគ្នា។ មនុស្សគ្រប់ស្រទាប់វណ្ណៈ សុទ្ធតែមានសិទ្ធិទទួលបានការថែទាំព្យាបាលនៅមន្ទីរពេទ្យទាំងអស់ដោយមិនរើសមុខ។
អ្នកស្រាវជ្រាវ ខ្លះ ទៀតស្នើរថា ការបង្រៀនវិជ្ជាធំៗនានា រួមមានទាំងវិជ្ជាពេទ្យផងនៅសម័យនោះ សឹងធ្វើឡើង នៅក្នុង វត្ត ព្រះពុទ្ធសាសនា ក្រោមទម្រង់ជាពុទ្ធិកសាកលវិទ្យាល័យ (université monastique)ហើយ មណ្ឌលសំខាន់ៗ ទំនងស្ថិតនៅក្នុងបរិវេណប្រាសាទ តាព្រហ្ម និង ព្រះខ័ន។ នៅសម័យកណ្តាល ព្រះពុទ្ធសាសនាថេរវាទភាពថ្កុំថ្កើង ដោយក្នុងនោះអប់រំនិងចំណេះវិជ្ជានានារួមទាំងវិជ្ជាពេទ្យនេះផង ក៏ស្ថិតនៅក្នុងក្របខណ្ឌនៃព្រះពុទ្ធសាសនានេះដោយ គ្រូព្យាបាលជំងឺទូទៅនៅសម័យនោះក៏សឹងជាព្រះសង្ឃ, អាចារ្យ និងអ្នកធ្លាប់បួសរៀននៅវត្តអារាម។ បើយើងងាកមកមើលសម័យបច្ចុប្បន្ននេះវិញ យើងនៅតែឃើញថា ទំនៀមដែលព្យាបាលជំងឺនៅតាមវត្ត នៅមិនទាន់បាត់អស់នៅឡើយទេ។ ក្រៅពីនេះ ក៏មានគ្រូចេះមើលជំងឺនៅតាមស្រុកភូមិដែរ។
ក្នុងបទបង្ហាញនេះ យើងនឹងក្រឡេកមើលត្រួសៗពីវិស័យសុខាភិបាល និងវិជ្ជាពេទ្យបុរាណខ្មែរ ក្នុងក្របខ័ណ្ឌព្រះពុទ្ធសាសនាពីបុរាណមកបច្ចុប្បន្ន តាមរយៈតឹកតាងប្រវត្តិសាស្រ្តខ្លះ និងតាមការអង្កេតបែបនរវិទ្យាខ្លះ។
—
សួង សុខរ៉ូ
កើតនៅឆ្នាំ ១៩៩៣ ក្នុងគ្រួសារកសិករ សួង សុខរ៉ូ បានបញ្ចប់ការសិក្សានៅឆ្នាំ ២០១៥ ពីមហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) រាជធានីភ្នំពេញ។ នៅឆ្នាំ ២០១៧ គាត់បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រមនុស្សនិងសង្គមនៅវិទ្យាស្ថានជាតិភាសាបូព៌ានិងអរិយធម៌ (INALCO) នៅទីក្រុងប៉ារីស។ នៅឆ្នាំ ២០១៨ គាត់បានទទួលអាហារូបករណ៍ដើម្បីបន្តថ្នាក់បណ្ឌិតផ្នែកនរវិទ្យាប្រវត្តិសាស្ត្រនៅ INALCO ទីក្រុងប៉ារីស។
បច្ចុប្បន្នលោកជានាយកប្រតិបត្តិនៃអង្គការយសោធរ (ជាអង្គការមិនរកប្រាក់កម្រៃ) ដែលមានបេសកកម្មផ្សព្វផ្សាយ ស្រាវជ្រាវ និងផ្សព្វផ្សាយវប្បធម៌ខ្មែរ (សូមមើល៖ www.yosothor.org)។ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) លោក សួង សុខរ៉ូ ជាសាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រខ្មែរ និងសិលាចារឹកខ្មែរបុរាណ និងជានាយកការិយាល័យពិសោធន៍ និងនវានុវត្តន៍នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍វប្បធម៌។ លោកបានចូលរួមយ៉ាងជិតស្និទ្ធក្នុងសកម្មភាពស្រាវជ្រាវនៃការបោះពុម្ពប្រចាំឆ្នាំ (ព្រឹត្តិបត្រនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ) ក្នុងនាមជាអ្នកស្រាវជ្រាវ និងជានាយកនិពន្ធ។