សន្និសីទ | សុខាភិបាលខ្មែរ៖ ពីបុរាណមកបច្ចុប្បន្ន

[LIRE EN FRANÇAIS]

ដើម្បីស្វែងយល់ពីប្រវត្តិសុខាភិបាលទូទៅនៅស្រុកខ្មែរ គេត្រូវងាកត្រឡប់ទៅមើលអតីតកាលយ៉ាងហោចណាស់ជិត១០០០ឆ្នាំឡើងវិញ។ ភស្តុតាងជាប្រវត្តិសាស្ត្រស្តីពីសុខាភិបាលខ្មែរបុរាណ លេចឡើងច្បាស់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ពោលគឺក្នុងរវាងស.វ.ទី១២។ តាមរយៈសិលាចារឹក តាព្រហ្ម គេដឹងថាក្នុងរាជ្យរបស់ព្រះអង្គមានមន្ទីរពេទ្យ (អរោគ្យសាលា) ចំនួន១០២ត្រូវគេសង់ឡើងនូវទូទាំងព្រះនគរ ហើយមន្ទីរពេទ្យទាំងនោះមានដំណើរការប្រហាក់ប្រហែលគ្នា។ មនុស្សគ្រប់ស្រទាប់វណ្ណៈ សុទ្ធតែមានសិទ្ធិទទួលបានការថែទាំព្យាបាលនៅមន្ទីរពេទ្យទាំងអស់ដោយមិនរើសមុខ។ 

អ្នកស្រាវជ្រាវ ខ្លះ ទៀតស្នើរថា ការបង្រៀនវិជ្ជាធំៗនានា រួមមានទាំងវិជ្ជាពេទ្យផងនៅសម័យនោះ សឹងធ្វើឡើង នៅក្នុង វត្ត ព្រះពុទ្ធសាសនា ក្រោមទម្រង់ជាពុទ្ធិកសាកលវិទ្យាល័យ (université monastique)ហើយ មណ្ឌលសំខាន់ៗ ទំនងស្ថិតនៅក្នុងបរិវេណប្រាសាទ តាព្រហ្ម និង ព្រះខ័ន។ នៅសម័យកណ្តាល ព្រះពុទ្ធសាសនាថេរវាទភាពថ្កុំថ្កើង ដោយក្នុងនោះអប់រំនិងចំណេះវិជ្ជានានារួមទាំងវិជ្ជាពេទ្យនេះផង ក៏ស្ថិតនៅក្នុងក្របខណ្ឌនៃព្រះពុទ្ធសាសនានេះដោយ គ្រូព្យាបាលជំងឺទូទៅនៅសម័យនោះក៏សឹងជាព្រះសង្ឃ, អាចារ្យ និងអ្នកធ្លាប់បួសរៀននៅវត្តអារាម។ បើយើងងាកមកមើលសម័យបច្ចុប្បន្ននេះវិញ យើងនៅតែឃើញថា ទំនៀមដែលព្យាបាលជំងឺនៅតាមវត្ត នៅមិនទាន់បាត់អស់នៅឡើយទេ។ ក្រៅពីនេះ ក៏មានគ្រូចេះមើលជំងឺនៅតាមស្រុកភូមិដែរ។ 

ក្នុងបទបង្ហាញនេះ យើងនឹងក្រឡេកមើលត្រួសៗពីវិស័យសុខាភិបាល និងវិជ្ជាពេទ្យបុរាណខ្មែរ ក្នុងក្របខ័ណ្ឌព្រះពុទ្ធសាសនាពីបុរាណមកបច្ចុប្បន្ន តាមរយៈតឹកតាងប្រវត្តិសាស្រ្តខ្លះ និងតាមការអង្កេតបែបនរវិទ្យាខ្លះ។

សួង សុខរ៉ូ

កើតនៅឆ្នាំ ១៩៩៣ ក្នុងគ្រួសារកសិករ សួង សុខរ៉ូ បានបញ្ចប់ការសិក្សានៅឆ្នាំ ២០១៥ ពីមហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) រាជធានីភ្នំពេញ។ នៅឆ្នាំ ២០១៧ គាត់បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រមនុស្សនិងសង្គមនៅវិទ្យាស្ថានជាតិភាសាបូព៌ានិងអរិយធម៌ (INALCO) នៅទីក្រុងប៉ារីស។ នៅឆ្នាំ ២០១៨ គាត់បានទទួលអាហារូបករណ៍ដើម្បីបន្តថ្នាក់បណ្ឌិតផ្នែកនរវិទ្យាប្រវត្តិសាស្ត្រនៅ INALCO ទីក្រុងប៉ារីស។

បច្ចុប្បន្ន​លោក​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​យសោធរ (ជា​អង្គការ​មិន​រក​ប្រាក់​កម្រៃ) ដែល​មាន​បេសកកម្ម​ផ្សព្វផ្សាយ ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ (សូម​មើល៖ www.yosothor.org)។ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) លោក សួង សុខរ៉ូ ជាសាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រខ្មែរ និងសិលាចារឹកខ្មែរបុរាណ និងជានាយកការិយាល័យពិសោធន៍ និងនវានុវត្តន៍នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍វប្បធម៌។ លោកបានចូលរួមយ៉ាងជិតស្និទ្ធក្នុងសកម្មភាពស្រាវជ្រាវនៃការបោះពុម្ពប្រចាំឆ្នាំ (ព្រឹត្តិបត្រនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ) ក្នុងនាមជាអ្នកស្រាវជ្រាវ និងជានាយកនិពន្ធ។

Related post