២០២២​៖ ខួប ៣០ឆ្នាំនៃវិទ្យាស្ថានបារាំងនៅកម្ពុជា

៣០ឆ្នាំនៃវិទ្យាស្ថានបារាំងនៅកម្ពុជា ជាវ័យដ៏ស្រស់ស្អាត ពីឆ្នាំ១៩៩២-២០២២

នៅឆ្នាំ២០២២នេះ វិទ្យាស្ថានបារាំងនៅកម្ពុជាប្រារព្ធខួប៣០ឆ្នាំរបស់ខ្លួន! គឺ៣០ឆ្នាំនៃការចែករំលែកវប្បធម៌ ការរួបរួមវប្បធម៌ និងកិច្ចសន្ទនា រវាងប្រទេសកម្ពុជា និងប្រទេសបារាំង តាំងពីភ្នំពេញដល់បាត់ដំបង។

នេះជាពេលវេលាដែលត្រូវរំឮកដល់ចំណងទាក់ទងដ៏ជិតស្និទ្ធរវាងស្ត្រីនិងបុរសទាំងអស់ ដែលក្នុងអំឡុងពេលជាច្រើនឆ្នាំមកនេះ បានរួមគ្នាបង្កើតប្រវត្តិសាស្ត្ររបស់គ្រឹះស្ថានអប់រំមួយនេះ។ អ្នកទាំងនោះរួមមានគ្រូបង្រៀន សិស្សានុសិស្ស និងសិល្បករ ប៉ុន្តែក៏យើងមិនភ្លេចរាប់បញ្ចូលទស្សនិកជន ការសម្តែងទស្សនីយភាពផ្សេងៗ ហើយនៅមានទាំងស្ថាប័នដៃគូអប់រំ និងស្ថាប័នវប្បធម៌នៅទូទាំងប្រទេសថែមទៀត។

២០២២ ជាឆ្នាំដើម្បីអភិវឌ្ឍ និងពង្រីកមិត្តភាពរបស់យើង។ ដើម្បីអបអរការធ្វើដំណើររបស់វិទ្យាស្ថានបារាំងមកដល់ចំណុចនេះ រួមជាមួយមនុស្សជាច្រើននោះ វិទ្យាស្ថានបារាំងរៀបចំកម្មវិធីជាច្រើន មិនដែលធ្លាប់មានពីមុនមក មិនថានៅទីធ្លាហាលវាល ឬនៅក្នុងសាល ៖ ភាពយន្ត តាំងពិព័រណ៍ សៀវភៅ សិល្បៈទស្សនីយភាព មហោស្រព វិទ្យាសាស្រ្ត បុរាណវិទ្យា… តស់! យើងអបអរសាទរពីទស្សនៈ ភាសា ការបង្កើតថ្មី ការច្នៃប្រឌិត អន្តរវប្បធម៌ ជាមួយដៃគូរបស់យើងដែលមានទាំងខ្មែរ ទាំងបារាំង!

រដូវវប្បធម៌ចំនួន ៤ នឹងរៀបចំឡើង ដើម្បីប្រារព្ធខួបឆ្នាំនេះ៖

– «ភ្នំពេញ ទីក្រុងមានជីជាតិ» គឺជាកម្មវិធីផ្តោតលើស្ថាបត្យកម្ម អេកូឡូស៊ី នគរូបនីយកម្ម និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព
– «ការចាកចេញ» គឺជាកម្មវិធីទាក់ទងនឹងរឿងឆាករូបភាព សៀវភៅ និងភាសា
– «វាយោអាស៊ី ពីកាយវិការទៅអត្ថន័យ» គឺជាកម្មវិធីទាក់ទងនឹងក្លិនក្រអូប វិជ្ជាធ្វើម្ហូប ការរចនាម៉ូដ ម៉ូដទាន់សម័យ និងតុអាហារ
– «ជីវិតនៅកន្លែងផ្សេង» គឺជាកម្មវិធីពាក់ព័ន្ធនឹងបុរាណវិទ្យា អវកាស តារាសាស្ត្រ

យើងនឹងជួបជុំគ្នាពេញមួយឆ្នាំ ២០២២នេះ ដើម្បីស្វែងយល់ កោតសរសរសើរ និង«ក្រេបរសជាតិ» វប្បធម៌របស់យើង។ កម្មវិធីខួបនេះ នឹងនាំយើងទាំងអស់គ្នាឱ្យទៅឈរនៅចំពោះមុខមនុស្ស ដែលបានស្រលាញ់ចូលចិត្ត និងបានអមដំណើរវិទ្យាស្ថានបារាំងនៅកម្ពុជាក្នុងការសាងប្រវត្តិសាស្ត្ររបស់ខ្លួន ហើយជាមួយគ្នាផងដែរនឹងមានការអញ្ជើញទស្សនិកជនថ្មីៗ កាន់តែច្រើនឡើងៗ ដែលចង់ដឹងចង់ឃើញ មកចូលរួមការជួបជុំដ៏អស្ចារ្យនេះ។

ជួបគ្នាឆាប់ៗនេះ !
ទំនាក់ទំនងយើង៖ [email protected]
 

Related post