សន្នីសីទ | ការស្រាវជ្រាវដែលធ្វើឡើងនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា

ឆ្នាំ ២០២៣ ខួប ៧០ឆ្នាំ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា !

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) បង្កើតឡើងក្នុងឆ្នាំ ១៩៥៣ ក្នុងពេលប្រហែលមួយខែ បន្ទាប់ពីប្រទេសកម្ពុជាទទួលបានឯករាជ្យភាព និងបានប្រារព្ធខួបគម្រប់៧០ឆ្នាំនៃវត្តមានរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីការបង្កើតមក វិទ្យាស្ថានបានអនុវត្តលើសកម្មភាពស្រាវជ្រាវ សុខភាពសាធារណៈ ការបណ្តុះបណ្តាល និង សេវាសុខភាព ក្នុងស្មារតីប៉ាស្ទ័រ ដែលផ្តោតជានិច្ចលើការយកចិត្តទុកដាក់ និង គុណភាពខ្ពស់។ 

មិនថាជារោគសាស្រ្តសត្វ ឬរោគសាស្រ្តមនុស្ស មិនថាជាជំងឺឆ្លង ជំងឺលេចធ្លោ ឬជំងឺឆ្លងពីសត្វទៅមនុស្ស វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានចូលរួម ក្នុងអតីត ក៏ដូចជាបច្ចុប្បន្ន ជាមួយក្រសួងសុខាភិបាល ក្នុងកម្មវិធីស្រាវជ្រាវនិងគាំទ្រដល់សុខភាព ដោយប្រមូលផ្តុំកម្លាំងជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ខ្លួន ដើម្បីលើកកម្ពស់សុខភាពប្រជាជនកម្ពុជា។ 

ក្នុងឱកាសខួបគម្រប់៧០ឆ្នាំនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នឹងមានការរៀបឡើងនូវសន្និសីទតុមូលមួយ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែកុម្ភៈ វេលាម៉ោង ៥កន្លះល្ងាច នៅឯវិទ្យាស្ថានបារាំងនៅកម្ពុជា ស្តីពី “ការស្រាវជ្រាវដែលធ្វើឡើងនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា”។ សន្និសីទនេះនឹងត្រូវបានសម្របសម្រួលដោយ លោកបណ្ឌិត លី សុវត្ថិ នាយករងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ព្រមទាំងវត្តមានវាគ្មិនបួនរូបទៀត ដែលជាអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នឹងធ្វើបទបង្ហាញអំពីវិស័យសំខាន់ៗនៃការងាររបស់ពួកគាត់ ដែលបានអនុវត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អ្នកសម្របសម្រួល៖ លោកបណ្ឌិត លី សុវត្ថិ នាយករងនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា
វាគ្មិន៖
  • លោកស្រីបណ្ឌិត ឃឹម និមល អនុប្រធានផ្នែកស្រាវជ្រាវជំងឺគ្រុនចាញ់នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា
  • លោកស្រីបណ្ឌិត Tineke Cantaert ប្រធានផ្នែកភាពស៊ាំនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា
  • លោកបណ្ឌិត ដួង វាសនា ប្រធានផ្នែកវីរុសសាស្រ្ដនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា
  • លោកបណ្ឌិត Sébastien Boyer ប្រធានផ្នែកបាណកសាស្រ្ត និងវេជ្ជសាស្រ្តសត្វនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា

Related post