ពិព័រណ | ស្វែងយល់ស្គាល់ពីរបាំជាថ្មី ជាមួយរ៉ូម៉ាំង ប៊ែនីនី

[LIRE EN FRANÇAIS]

ពិព័រណ៍នេះ គឺជាការផ្សំផ្គុំចូលគ្នានូវផ្ទាំងគំនូរ រូបថត និងបំណែកនានានៃបុរាណវិទ្យា ដែលរំលេចនូវកាយវិការរបាំ។

ដោយយោងលើកំណាយរកឃើញ និងបណ្ណសាររបស់សាលាបារាំងចុងបូព៌ាទាក់ទងនឹងរបាំបុរាណ និង/ឬប្រជាប្រិយខ្មែរ លោក ប៊ែនីនី រៀបចំបញ្ចូលនៅចំនុចប្រសព្វនៃគំនូរ និងរូបថត។ គាត់រំលេចចេញនូវបណ្ណសារ តាមរយៈរឿងប្រឌិត និងនិទានរឿងបែបបំភាន់ថ្មីមួយ។ ផ្ទាំងគំនូររបស់ លោក រ៉ូម៉ាំង ប៊ែនីនី សន្ទនាគ្នា ប្រៀបដូចជាព្រលឹងក្បាច់រាំឈប់នៅនឹងថ្កល់ ជាមួយនឹងកាយវិការរបស់អ្នករបាំ។ របាំ ជាបេតិកភណ្ឌអរូបីរបស់មនុស្សជាតិ លេចឡើង និងបាត់ទៅវិញក្នុងពេលដ៏ខ្លីនៃពេលនេះ នៅចន្លោះពេលទៀងទាត់ ឬមិនទៀងទាត់។ គ្រាដ៏កម្រទាំងនេះ លេចចេញជារូបរាងដែលមិនអាចពិពណ៌នាបាន តាមរយៈរូបថត និងផ្ទាំងគំនូរ ជាលំហដែលនៅព្យួរបណ្តោះអាសន្ន តាមរយៈការសម្តែងដ៏អាថ៌កំបាំង។

លោក រ៉ូម៉ាំង ប៊ែនីនី ក្នុងអំឡុងពេលស្នាក់នៅធ្វើនិវសនដ្ឋានរបស់គាត់នៅវិទ្យាស្ថានបារាំងកម្ពុជា និងសាលាបារាំងចុងបូព៌ា បានស្វែងយល់ពីគំនិតនៃរូបរាងកាយដែលបែកខ្ញែកគ្នាជាបំណែក បង្ហាញដោយអ្នកបុរាណវិទ្យា ដើម្បីគូសវជាដិតដានស្របគ្នាមួយ ជាមួយនឹងប្រវត្តិសាស្ត្ររបាំ និងប្រទេសកម្ពុជា ជាពិសេសក្នុងសម័យខ្មែរក្រហម ដែលនៅពេលនោះ ជីវិតដូចជារលត់បាត់សាបសូន្យ ទាំងសម្រាប់មនុស្ស និងសម្រាប់ការច្នៃប្រឌិតបង្កើតរបស់ពួកគេ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ របាំនៅក្នុងភាពស្រស់ស្អាតដ៏ខ្លីរបស់វា នៅតែបន្តចែងចាំង វាអាចធន់ មិនចេះរលាយសាបសូន្តជាងថ្ម វាលេចឡើងម្តងទៀត ជាមួយនឹងភាពធន់មួយដែលយកឈ្នះពេលវេលាបាន។

យុគសម័យនេះ ត្រូវបានបន្តដោយពេលមួយនៃការសាងសង់ឡើងវិញ ទាំងសម្រាប់រូបកាយមនុស្ស និងសម្រាប់ស្នាដៃជាថ្មដែលបែកខ្ញែកជាបំណែកៗ ដែលជានិមិត្តរូបនៃការកសាងឡើងវិញ នូវរូបកាយទាំងមូល និងការរកឃើញជីវិតឡើងវិញ ជាពិសេសតាមរយៈរបាំ។ របាំត្រូវបានគេមើលឃើញថាជាទម្រង់នៃការព្យាបាល សម្រាប់រាងកាយ និងផ្លូវចិត្ត ដែលមានផលល្អ មិនត្រឹមតែសម្រាប់អ្នករាំប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់អ្នកទស្សនាផងដែរ ដែលពាំនាំដោយចលនា នឹងចែករំលែកពេលវេលាមួយនៃការជួបជុំស្តារឡើងវិញ។

របាំនៅប្រទេសកម្ពុជា បង្ហាញលើសពីកម្រើកចលនារាងកាយ របាំបានត្បាញជាចំណងដ៏ពិសិដ្ឋស័ក្តិសិទ្ធ រវាងមនុស្ស និងទេវៈ ឫទេវតា។ ក្រុមរបាំមានលក្ខណៈចម្រុះ និងរាយប៉ាយពេញផ្ទៃប្រទេស។ ក្រុមរបាំទាំងនេះ សំដែងបកស្រាយរបាំបុរាណ ឬរបាំប្រជាប្រិយតាមភូមិ ដើម្បីអបអរសាទរភាពសប្បាយរីករាយដ៏ពេញនិយមរបស់សហគមន៍ ដែលជាសក្ខីកម្មបញ្ជាក់ពីភាពសំខាន់នៃការរាំរបាំនេះ។ របាំនានា ដូចជារបាំស្ទូចត្រី របាំត្រឡោក ឬរបាំនៃភាពសប្បាយរីករាយ តំណាងឱ្យការប្រារព្ធពិធីបុណ្យទានប្រជាប្រិយ។ ក្នុងការសម្តែងដែលបែកខ្ញែក ឬអណ្តែតហោះហើរទាំងនេះ តួអង្គអ្នករបាំ របាំងមុខ (ខ្មុក) ព្រមទាំងពិធីបុរាណ និងសម័យផ្សេងៗ លាយឡំបញ្ចូលគ្នា ដើម្បីចោទសួរ អំពីប្រវត្តិរឿងរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

ស្នាដៃនេះត្រូវបានប្រមូលផ្តុំដោយតួអង្គ ឈុតឆាក អ្នកររបាំ របាំងមុខ ដែលបង្កប់ដោយនិមិត្តសញ្ញា ប្រាសាទដូនតា និងភូមិបណ្តែតទឹក ដែលបង្កើតបានជារឿងទាំងមូល ភ្ជាប់នឹងការប្រឌិតដ៏សម្បូរបែប និងស្មុគស្មាញមួយ។ លោក រ៉ូម៉ាំង ប៊ែនីនី បង្កើតរឿងប្រឌិត តាមរយៈស្នាដៃទាំងនេះ ដោយចោតសួរអំពីពិធីគោរពដ៏ពិសិដ្ឋស័ក្តិសិទ្ធ នានា និងពិធីនានាបែបសហសម័យ។ ផ្ទុយនឹងចំណុចនេះ សត្វកេងកងចំកណ្តាល មិនអាចរំខានបានឡើយ នៅក្នុងផ្ទាំងក្រណាត់ បញ្ជាក់នូវភាពស្ងៀមស្ងាត់ ដែលយើងអាចចាត់ទុកជាទេវៈ។ ជាប្រភេទសត្វបុរាណ វាមានរោមចម្រុះពណ៌ និងចំពុះមួយដ៏មាំ ដែលគួរឱ្យគោរព តាមរយៈរូបរាងរបស់វា វាហាក់ដូចជាតំណាងឱ្យអ្នកសង្កេតការណ៍គ្មានដែលកំណត់នៃមនុស្សជាតិ ផ្ទុយពីអ្នករាំដែលមិនស៊ីសង្វាក់គ្នានឹងពេលវេលា។

ក្នុងពេលដំណាលគ្នានោះ លោក រ៉ូម៉ាំង ប៊ែនីនី លើកឡើងពីតួនាទីដ៏សំខាន់របស់អ្នកបុរាណវត្ថុវិទូ និងអ្នកស្ដារឡើងវិញនៅក្នុងដំណើរការនៃការព្យាបាល និងការករកើតនៃវប្បធម៌ឡើងវិញ តាមរយៈការលាតត្រដាងបង្ហាញ និងការកសាងឡើងវិញនូវរបាំ។

ម៉ាំង ប៊ែនីនី

កើតនៅឆ្នាំ១៩៧៩ លោក រ៉ូម៉ាំង ប៊ែនីនី គឺជាវិចិត្រករម្នាក់ ជាសាស្ត្រាចារ្យ ធ្វើការនៅសាលាវិចិត្រសិល្បៈនៃទីក្រុងប៉ារីស។ លោកបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Paris 1 Panthéon-Sorbonne ផ្នែកសិល្បៈប្លាស្ទិក និងការសម្របសម្រួលវប្បធម៌ ហើយលោកត្រូវបានគេកត់សម្គាល់ដោយ រង្វាន់គំនូរទីមួយដ៏ល្បីល្បាញ Antoine Marin ក្នុងឆ្នាំ ២០០៨ ។ ក្នុងឆ្នាំ ២០១០-២០១១ លោកមកពីកម្មវិធី Villa Medici ដ៏ល្បីល្បាញនៅទីក្រុងរ៉ូម (ប្រទេសអ៊ីតាលី) ។ ថ្មីៗនេះ នៅឆ្នាំ ២០២៣ លោកបានស្នាក់នៅធ្វើនិវាសនដ្ឋាននៅសាលាបារាំងចុងបូព៌ា (EFEO) ក្នុងខេត្តសៀមរាប នៅប្រសព្វនៃវប្បធម៌បារាំង និងខ្មែរ ផលិតនូវកម្រងស្នាដៃថ្មីមួយ ដែលនឹងបានបង្ហាញនៅក្នុងវិចិត្រសាលនៃវិទ្យាស្ថានបារាំងកម្ពុជា។

លោក រ៉ូម៉ាំង ប៊ែនីនី ធ្វើការជាចម្បងលើការគូរគំនូរប្រេង ដោយស្វែងរកប្រធានបទផ្សេងៗគ្នាជាច្រើនដូចជា សង្គម លំហ រូបចម្លាក់ ទេវកថា និងវប្បធម៌ពេញនិយម។ រូបគំនូររបស់គាត់ ដែលជារឿយៗត្រូវបានបង្កើតឡើងជាកម្រងតភាគ បង្ហាញពីពិភពមួយដ៏ស្មុគស្មាញ ដែលការពិត និងការប្រឌិតថ្មី នៅលាយឡំគ្នា ហើយជាកន្លែងដែលមនុស្សជួបប្រទះនឹងសត្វទាំងឡាយ និងរបាំងមុខ នៅក្នុងលំហដែលមិនអាចកំណត់បាន ប៉ុន្តែទោះជាយ៉ាងណាក៏ធ្លាប់ស្គាល់។ នៅក្នុងការងារសិល្បៈរបស់គាត់ លោក រ៉ូម៉ាំង ប៊ែនីនី ប្រើប្រាស់ផ្ទាំងក្រណាត់ ជាសម្ភារៈគាំទ្រ ដើម្បីបង្ហាញពីសំណួររបស់គាត់អំពីភាពចម្លែក ការស្រមើស្រមៃ និងរូបភាពគំនូរនៃពណ៌ភ្លឺ ដែលនាំមកនូវវិមាត្រជាក់ស្តែងមួយ ចំពោះតំណាងរបស់គាត់ ជាពិសេសនៅពេលដែលគាត់ស្វែងយល់អំពីប្រធានបទទាក់ទងនឹងធម្មជាតិ និងពណ៌រស់រវើក។ស្នាដៃរបស់គាត់ ផ្តល់នូវពិភពជាច្រើន ដែលលាយឡំគ្នាដោយលក្ខណៈសិល្បៈសម័យមុន និងសហសម័យ។ លោក រ៉ូម៉ាំង ប៊ែនីនី បានទទួលពានរង្វាន់ជាច្រើន និងការទទួលស្គាល់ជាច្រើនក្នុងអាជីពរបស់គាត់ ដែលរួមមានពានរង្វាន់របស់មូលនិធី Colas ក្នុងឆ្នាំ ២០១៣ ហើយការងាររបស់គាត់ ត្រូវបានដាក់តាំងបង្ហាញនៅក្នុងកម្រងសិល្បៈសាធារណៈដ៏ល្បីល្បាញដូចជានៅមជ្ឈមណ្ឌលជាតិសម្រាប់សិល្បៈប្លាស្ទិក (CNAP) នៅមូលនិធិសិល្បៈសហសម័យប្រចាំតំបន់ Île-de-France (Frac) និង សារមន្ទីរសិល្បៈសហសម័យនៃក្រុង Val-de-Marne (MAC VAL) ។ កំរាលព្រំមួយផ្ទាំង ដែលយកគំនិតតាមស្នាដៃមួយរបស់គាត់ ត្រូវបានផលិតឡើងដោយបុរីអន្តរជាតិនៃព្រំនៃក្រុង Aubusson (Cité Internationale de la Tapisserie d’Aubusson) ។ 

នៅក្នុងស្ទូឌីយោទីក្រុងប៉ារីសរបស់គាត់ លោក រ៉ូម៉ាំង ប៊ែនីនី បន្តបង្កើតដោយមិននឿយហត់ ដោយស្វែងយល់ពីដែនកំណត់នៃសិល្បៈរបស់គាត់ និងចាប់យកខ្លឹមសារសំខាន់ នៃមនុស្ស ពីពិភពខាងក្នុងរបស់គេ និងសង្គមសហសម័យ តាមរយៈសោភ័ណភាពដែលទាក់ទាញ និងគួរឱ្យចាប់អារម្មណ៍។ 

វិទ្យាស្ថានបារាំងកម្ពុជា មានបំណងចង់បង្ហាញជូនលោកអ្នក តាមរយៈពិព័រណ៍ថ្មីនេះ នូវទេពកោសល្យសិល្បៈដ៏មិនគួរឱ្យជឿរបស់លោក រ៉ូម៉ាំង ប៊ែនីនី ដែលភ្ជាប់ទៅនឹងវប្បធម៌របាំដ៏អស្ចារ្យរបស់កម្ពុជា។

Related post