- នៅវិចិត្រសាល
- សម្ពោធ ព្រហស្បតិ៍ ២០ មេសា ម៉ោង ៦កន្លះល្ងាច | ពិព័រណ៍រហូតដល់ ២១ មិថុនា ២០២៣
- ចូលរួមដោយសេរី
- ស្ទូឌីយោរូបភាព និង អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE)
ធ្វើដូចម៉េចដើម្បីចូលទស្សនាពិព័រណ៍នេះ? ទស្សនាដោយសេរី ឬ មានការណាត់ជាមុន !
វិចិត្រសាលបើកពីម៉ោង ១០ព្រឹក ដល់ ៦ល្ងាច ពីចន្ទ ដល់ព្រហស្បតិ៍ និងម៉ោង ១០ព្រឹក ដល់ ៥ល្ងាច ថ្ងៃសុក្រ/សៅរ៍
សំំណល់ នៃសំណល់
វិទ្យាស្ថានបារាំងនៅកម្ពុជាសូមបង្ហាញជូននូវ រដូវវប្បធម៌ទី២របស់ខ្លួន ៖ «សំណល់ នៃសំណល់» ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ! ពិព័រណ៍នេះប្រមូលផ្ដុំនូវវីដេអូដែលខ្ចីពីមជ្ឈមណ្ឌលប៉ុមពីឌូ (Centre Pompidou) មូលនិធីមុយឌីម៉ា (Fondation Mudima) និងពីសារមន្ទីរអាបាទ័រ (Abattoirs) នៅទីក្រុងទូលូ ក៏ដូចជារូបថតបណ្ណសាររបស់អង្គការដើម្បីស្នាមញញឹមនៃកុមារ និងរូបថតដែលថតដោយ Studio Images នៅទូទាំងប្រទេស។ វីដេអូ និងរូបភាពទាំងនោះបង្ហាញអំពីការគ្រប់គ្រងកាកសំណល់ និងការប្រើប្រាស់គ្រឿងឧបភោគបរិភោគរបស់យើង។ ពិព័រណ៍នេះជាដំណើរមួយជំហានម្ដងៗ ដើម្បីស្វែងយល់អំពីវដ្ដកាកសំណល់នៅផ្ទះរបស់យើង និងទីដទៃ ៖ ការចាក់សំរាម ការបែងចែកសំរាម ការប្រើប្រាស់ឡើងវិញ ការកែច្នៃ…រហូតដល់ផលប៉ះពាល់លើបរិស្ថាន និងផលវិបាកចំពោះសុខភាព។
ចូលរួមក្នុងការបើកដំណើរការនៅថ្ងៃព្រហស្បតិ៍ ទី ២០ ខែមេសា វេលាម៉ោង ៦កន្លះល្ងាច៖ បន្ថែមពីលើការតាំងពិពណ៌ វិទ្យាស្ថាននឹងចាក់បញ្ចាំងខ្សែភាពយន្ត “Attack of the Living Trash” ដោយ Matthieu Liénart (2022) !
ហេតុអ្វីអំពីកាកសំណល់?
រដូវវប្បធម៌«សំណល់ នៃសំណល់»មានគោលបំណងបញ្ជ្រាបអំពីការចាត់ចែងកាកសំណល់របស់យើង ដោយចោទសួរលើបែបផែននៃការប្រើប្រាស់របស់យើង។ ការរៀបរាប់អំពីជីវិតកាកសំណល់គឺបានន័យថាជាការសម្លឹងមើលថាតើប្រជាជនរស់នៅជាមួយកាកសំណល់ពួកគេយ៉ាងដូចម្ដេច? ពួកគេប្រមូលកាកសំណល់ដូចម្ដេច? បែងចែកដូចម្ដេច? ដឹកជញ្ជូនដូចម្ដេច? កែច្នៃដូចម្ដេច? ធ្វើអាជីវកម្មដូចម្ដេច? …ហើយទ្រាំនឹងសំរាមដូចម្ដេច? សំណល់នៃកាកសំណល់ជាអ្វីដែលគេបោះចោល ជាអ្វីដែលគ្មានអ្នកត្រូវការ។
សិល្បករសហសម័យជាច្រើននាក់បាននិយាយអំពីប្រធានបទនេះ ដោយបង្ហាញជីវិតរបស់សំរាម។ ពួកគេនាំយើងឱ្យគិតពិចារណាលើអាកប្បកិរិយារបស់យើងម្នាក់ៗ ឬទាំងអស់គ្នា ៖ តើទ្រាំឱ្យបំណែកតូចៗនៃសំរាមលាក់ខ្លួននៅក្នុងដី និងនៅក្នុងសមុទ្រយ៉ាងដូចម្ដេចទៅ? ការគិតមើលពីកាកសំណល់របស់យើង គឺបានន័យថាជាការគិតមើលពីផលប៉ះពាល់លើបរិស្ថាន សុខភាពសាធារណៈ នគរូបនីយកម្ម ឧស្សាហូបនីយកម្ម និងកិច្ចការពារប្រយោជន៍អ្នកប្រើប្រាស់…ពិព័រណ៍នេះគិតមើលអំពីស្ថានប្រព័ន្ធនៃសំរាម ស្ថានភាពកាកសំណល់ ការគ្រប់គ្រងកាកសំណល់ ការប្រមូលកាកសំណល់ ចរាចរណ៍កាកសំណល់ ការបម្លែង ការកែច្នៃ ការប្រើប្រាស់ឡើងវិញ ជីវិតទីលានចាក់សំរាម ភាពទ័លច្រកនៃកាកសំណល់…ដើម្បីឱ្យមានរបៀបថ្មីមួយនៃការរស់នៅ។
—
រូបថតរបស់សិល្បករនៃ Studio Images ៖ សុវណ្ណ ភីឡុង, ខៀវ កាណែល, អ៊ុយ នូសិរីមុនី, អៀ សុនិតា, អ៊ុយ នូសិរីមុនី, ឃ្លឹង បុណ្យរាជ្យ, ញាណ លីដា
និងស្នាដៃរបស់ Cinthia Marcelle, Berna Reale, Francis Alÿs, Arman, Ben Vautier, Daniel Spoerri, Marcos Avila Furero។
អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE)
គ្រីស្យង់ និងម៉ារីហ្វ្រង់ ដេប៉ាលីយែរ បានសម្រេចចិត្តបង្កើតអង្គការដើម្បីស្នាមញញឹមនៃកុមារ បន្ទាប់ពីបានមើលឃើញថា កុមាររាប់ពាន់នាក់រស់នៅ និងធ្វើការនៅក្នុងទីលានចាក់សំរាមដ៏ធំល្វឹងល្វើយ។ នៅឆ្នាំ១៩៩៥ ពួកគាត់សម្រេចចិត្តធ្វើសកម្មភាព និងជួយក្មេងៗទាំងនេះ ដោយផ្ដល់អាហារមួយពេលក្នុងមួយថ្ងៃ និងលទ្ធភាពនៃការរៀនសូត្រ។ សព្វថ្ងៃ ពួកគាត់បង្កើតកម្មវិធីអប់រំ កម្មវិធីការពារ កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការរ៉ាប់រងទូទៅលើតម្រូវការរបស់កុមារ។ PSE បានជួយសង្គ្រោះកុមារ១២ ០០០ចេញផុតពីភាពទុរគត!
Studio Images
Studio Images ជារោងជាងមួយសម្រាប់បណ្ដុះបណ្ដាលផ្នែកថតរូប ដែលបើកទទួលអ្នកដែលចង់រៀនថតរូបដំបូង ឬអ្នកចង់រៀនបន្ថែមជំនាញថតរូប។ កម្មវិធីសិក្សាគឺរៀបចំឡើងជាភាសាអង់គ្លេស និងខ្មែរ ដោយលោកសុវណ្ណ ភីឡុង ដែលជាអ្នកថតរូបជនជាតិខ្មែរ។ បន្ថែមពីលើកម្មវិធីសិក្សាអំពីការថតរូប Studio Images បានផ្ដល់ឱកាសឱ្យសិស្សបានជួបនឹងអ្នកថតរូបអាជីពផ្សេងៗ ចូលរួមចុះថតផ្ទាល់ ក៏ដូចជារួមចំណែកបង្ហាញស្នាដៃនៅក្នុងពិព័រណ៍ផងដែរ។
ធ្វើដូចម៉េចដើម្បីចូលទស្សនា?
ចូលទស្សនាដោយសេរី / ការទស្សនាអមដោយអ្នកសម្របសម្រួល
ដើម្បីណាត់ទុកជាមុន [email protected]
ការទស្សនាអមដោយអ្នកសម្របសម្រួល
ទស្សនាការតាំងពិព័រណ៍ជាមួយអ្នកសម្របសម្រួលតែម្នាក់ឯង ឬជាក្រុម ជាភាសាបារាំង ឬជាភាសាខ្មែរ ! អ្នកអាចទាញយកអត្ថប្រយោជន៍ពីពេលនេះ ដើម្បីពិភាក្សា សួរសំណួរ និងចែករំលែកអំពីការងារនៅក្នុងការតាំងពិព័រណ៍ជាមួយអ្នកសម្របសម្រួល និងអ្នកទស្សនាផ្សេងទៀត។
ជាភាសាបារាំង ភាសាខ្មែរ និងជាភាសាអង់គ្លេស
ថ្ងៃច័ន្ទ ដល់ សៅរ៍៖ ៩ព្រឹក ដល់ ១២ថ្ងៃត្រង់ // ២រសៀល ដល់ ៥ល្ងាច
ណាត់ទុកជាមុន – ដោយសេរី
