សន្និសីទ | ព្រះភ័ក្រ្ដរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ យោងតាមប័ណ្ណសារផ្ទាល់របស់ព្រះអង្គ ដែលបានប្រគល់ឲ្យរក្សាទុកនៅសាលាបារាំងចុងបូព៌ា

សូមឧទ្ទិសថ្វាយដល់ព្រះបរមរតនកោដ្ឋ នៅក្នុងឳកាសនៃពិធីប្រារព្ធខួបទី ១០០ ឆ្នាំនៃការយាងប្រសូត្ររបស់ព្រះមហាវីរក្សត្រ

តាមរយៈសំណេរមួយកាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០០៤ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ដែលពេលនោះទ្រង់នៅគង់ជាព្រះប្រមុខរដ្ឋ ព្រះអង្គបានប្រាប់ពីគោលបំណងរបស់ទ្រង់ ដែលចង់ប្រគល់រាល់បណ្ណសារទាំងអស់ឲ្យតម្កល់ទុកនៅ សាលាបារាំងចុងបូព៌ា។ ដោយទ្រង់ទតឃើញថា ប័ណ្ណសារដែលមាននៅមុនឆ្នាំ ១៩៧០ ត្រូវបានបំផ្លិចបំផ្លាញក្រោមរបបសាធារណរដ្ឋកម្ពុជា ទើបព្រះអង្គមានព្រះទ័យចង់ឲ្យឯកសារទាំងអស់ដែលនៅសេសសល់ត្រូវបានរក្សារទុក ដើម្បីឲ្យអ្នកស្រាវជ្រាវទាំងអស់បានយកមកសិក្សាឈ្វេងយល់ក្នុងពេលអនាគត។

ប័ណ្ណសារផ្ទាល់របស់ព្រះអង្គ ដែលបានប្រគល់ឲ្យសាលាចុងបូព៌ាធ្វើការរក្សារទុករួមមាន ទី១សម័យកាលដែលព្រះអង្គប្រសិទ្ធនាមថា « ដំណាក់កាលតស៊ូចន្លោះឆ្នាំ ១៩៧០ ដល់ ១៩៧៥ » ពីរដ្ឋប្រហារឆ្នាំ ១៩៧០ រហូតដល់ការដួលរលំនៃរបបសាធារណៈរដ្ឋខ្មែរដែលបោះបង់ដោយអាមេរិកាំងនៅខែមេសា ឆ្នាំ១៩៧៥។ ទី២ ការចាប់បង្ខាំងព្រះអង្គ និងក្រុមគ្រួសាររបស់ព្រះអង្គនៅក្នុងទីក្រុងភ្នំពេញ ដោយរបបខ្មែរក្រហមនៅរវាងឆ្នាំ ១៩៧៥ ដល់ ១៩៧៩ និង ទី៣ ទាក់ទិននឹងចលនាតស៊ូលើកទី២ ពីឆ្នាំ១៩៧៩ ដល់ ១៩៩០ ដែលនៅពេលនោះប្រទេសកម្ពុជាត្រូវបានកាន់កាប់ដោយយោធាវៀតណាម។

នៅក្នុងកម្រងឯកសារដ៏មានតម្លៃទាំងនេះ ក៏មានរក្សាទុកផងដែរនូវសំណុំឯកសារពាក់ព័ន្ធនឹងកិច្ចចរចានានាដែលឆ្ពោះទៅរក « កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស” ដែលបានចុះហត្ថលខានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងបន្ទាប់មក ព្រឹត្តិការណ៍នៃការយាងមាតុភូមិវត្តន៍របស់ព្រះករុណា នរោត្ដម សីហនុ មកកាន់រាជធានីភ្នំពេញនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំដដែល រួមទាំងការឡើងគ្រងរាជសម្បត្តិលើកទី២របស់ព្រះអង្គ។ ដោយទទួលបានការចាត់តាំងពីព្រះមហាក្សត្រឲ្យទៅប្រមែប្រមូលយកប័ណ្ណសាររបស់ព្រះអង្គផ្ទាល់ដែលបានរក្សា ទុកនៅទីក្រុងប៉េកាំង លោកសាស្រ្ដាចារ្យ អូលីវីយ៉េ ឌឺប៊ែរណុង (Prof. Olivier de Bernon) បានដឹកនាំក្រុមការងារ នៅក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងមួយរវាងសាលាចុងបូព៌ា និង មជ្ឍមណ្ឌតម្កល់បណ្ណសារបារាំង ដើម្បីធ្វើការរៀបចំទុកដាក់ឯកសារដ៏មានតម្លៃទាំងនោះនៅរវាងឆ្នាំ ២០០៤ និង ២០០៩ បន្ទាប់មកក៏បានចេញផ្សាយបញ្ជីសារពើភ័ណ្ឌនៅឆ្នាំ២០១០។

ធ្វើបទបង្ហាញដោយ លោក អូលីវីយ៉េ ឌឺប៊ែរណុង (Olivier de Bernon) នាយកសិក្សានៅសាលាបារាំងចុងបូព៌ា និងជាសមាជិក នៃបណ្ឌិតសភាវិទ្យាសាស្រ្ដក្រៅប្រទេស (Académie des Sciences d’Outre-mer)។

Related post