សន្និសីទ | ទឹកអប់ ៖ ស្នាដៃនៃគំនិត

>> ស្វែងយល់ពីកម្មវិធីផ្សេងៗក្នុងវដ្ត «ជំនោរអាស៊ី»  <<

នៅថ្ងៃទី ៣១ ខែឧសភា ម៉ាធ្យឺ សេវ៉ារ៉ា ស្ថាបនិកនៃ ក្រុមចលនាវប្បធម៌ឃានវិញ្ញាណ Nez នឹងនិយាយអំពីបញ្ហានៃការបង្កើតក្លិនក្រអូបនៅក្នុងផ្នែកឌីសាញ និងសិល្បៈ ព្រោះដូចគ្នានឹងតន្ត្រី ភាពយន្ត អក្សរសិល្ប៍ និងម្ហូបអាហារដែរ ទឹកអប់មិនត្រឹមតែជាផលិតផលសម្រាប់ប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺស្នាដៃនៃគំនិត។

ម៉ាធ្យឺ សេវ៉ារ៉ា សហស្ថាបនិកក្រុមចលនាវប្បធម៌ឃានវិញ្ញាណ Nez

ម៉ាធ្យឺជាអ្នកក្រាហ្វិកឌីសាញ បញ្ចប់ការសិក្សានៅសាលាអែស្ទែន។ នៅពេលរៀនចប់ភ្លាម គាត់បានដើរចូលក្នុងដំណើរផ្សងព្រេងជាសហគ្រិនម្នាក់ ដោយបានបង្កើតក្រុមហ៊ុន Marge Design។ ទស្សនីយភាព តន្ត្រី សិល្បៈ អាហារ គឺស្ថិតក្នុងចំណោមការកុម្ម៉ង់សំខាន់ៗនៃអត្តសញ្ញាណក្រាហ្វិក សៀវភៅឬទស្សនាវដ្ដី ដែលធ្វើឱ្យក្រុមការងាររបស់គាត់រីកធំៗទៅ រហូតដល់ជាង២០នាក់នាពេលបច្ចុប្បន្ន។ នៅឆ្នាំ២០១៤ គាត់បានបើកគ្រឹះស្ថានបោះពុម្ពផ្សាយមួយ និងបោះពុម្ពសៀវភៅជាច្រើនដែលមានប្រធានបទពាក់ព័ន្ធនឹងបញ្ហាសង្គម ការស្វែងយល់ពីបច្ចេកវិជ្ជាថ្មីៗ ឬក៏កំណាព្យជាដើម។ មួយឆ្នាំក្រោយមក គាត់បានជួបនឹងដូមីនិក ប៊្រុយណែល និងហ្សាន ដូរ៉េ ដែលអ្នកទាំងពីរគឺជាអ្នកបង្កើតគេហទំព័រ auparfum.com និងសហការបង្កើតទស្សនាវដ្ដី Nez ដែលផ្តោតលើរឿងរ៉ាវទាក់ទងនឹងទឹកអប់។ ជោគជ័យភ្លាមៗរបស់គម្រោងនេះបាននាំឱ្យដៃគូសហការទាំងបីនាក់ បង្កើតក្រុមប្រព័ន្ធផ្សព្វផ្សាយ«ឃានវិញ្ញាណ»ពិតប្រាកដមួយ ដោយរួមមាន គ្រឹះស្ថានបោះពុម្ពផ្សាយ ទស្សនាវដ្ដីប្រចាំឆមាសជាបីភាសា គេហទំព័រជាច្រើន កម្មវិធី podcast ហាងទំនិញអនឡាញ បណ្ដាញចែកចាយអន្តរជាតិ ឬក៏ទីភ្នាក់ងារជំនាញជាដើម។ ចាប់តាំងពីពេលនោះមក គាត់បានស្វែងរកបែបផែននៃការតែងនិពន្ធ ក្រាហ្វិក និងអក្សរ ដែលបញ្ជាក់ពីក្លិនទឹកអប់ដែលជានិច្ចកាលតែងតែត្រូវគេមើលរំលង ប៉ុន្តែវាមានការទាមទារខ្ពស់ដើម្បីឱ្យសាធារណជនអាចយល់បានទូលំទូលាយ។

Related post