ល្ខោននិយាយ | គ្រូបង្រៀនស្រុកស្រែ

រឿង “គ្រូបង្រៀនស្រុកស្រែ” ជាស្នាដៃអក្សរសិល្ប៍ទំនើបនិពន្ធដោយ អ្នកនិពន្ធឈ្មោះ លោក អ៊ឹម ថុក ក្នុងឆ្នាំ ១៩៥៧។ ស្នាដៃនេះបង្ហាញពីប្រភេទ៖ ជារឿងប្រលោមលោកទំនើបបែបមនោគមវិជ្ជាសង្គមនយោបាយព្រោះខ្លឹមសារនៃរឿងមានទំនាក់ទំនងទៅនឹងការតស៊ូនយោបាយ ដោយរឿងគ្រូបង្រៀនស្រុកស្រែស្ថិតក្នុងចលនាអក្សរសិល្ប៍ខេមរនិយម ព្រោះគោលគំនិតរឿងឆ្លុះបញ្ចាំងនូវទស្សនៈលោកិយខ្មែរតំណាងឲ្យទំនៀមទម្លាប់ប្រពៃណីខ្មែរសុទ្ធសាធ។

អង្គការសកម្មភាពសិល្បៈ សូមអញ្ជើញលោកអ្នកមកស្វែងយល់ពីអក្សរសិល្ប៍ខ្មែរបុរាណនេះ ទស្សនាឡើងវិញក្នុងទម្រង់នៃការសម្តែងល្ខោននិយាយភាសាខ្មែរ៖ ជួបគ្នានៅថ្ងៃទី ២៦ និង ២៧ ខែតុលា សម្រាប់ការសម្តែងពីររឿង “គ្រូបង្រៀនស្រុកស្រែ” នៅលើឆាកសម្តែងខាងក្រៅរបស់វិទ្យាស្ថានបារាំង !

សំបុត្រមានដាក់លក់នៅកន្លែងផ្តល់ព័ត៌មានរបស់វិទ្យាស្ថានបារាំងចាប់ពីថ្ងៃទី ២០ ខែតុលា
ល្ខោននិយា ជាភាសាខ្មែរ !!!
 
សង្ខេបរឿង

កសិករហមជាអតីតទាហានជើងក្រហម និងនាម៉ឺនតូចតាចក្នុងក្រសួងសាធារណការបានត្រូវប៉ូលីសតាមចាប់ខ្លួនដោយមូលហេតុគាត់ជាមេបំផុសបំផុលចលនាមហាជន ប្រជាជនឲ្យយល់ដឹងពីលទ្ធិប្រជាធិបតេយ្យ។ យល់ការណ៍មិនស្រួល និងដោយឯកភាពជាមួយសំណើយោបល់ពីមិត្តរួមចលនា បងហមក៏គេចខ្លួនមួយរយៈ។ ពេលគេចខ្លួនក្នុងរាត្រីនៅតាមផ្លូវ បងហមបានជួបសន្ទនាយ៉ាងច្រើនជាមួយអន្ទិតឡឹម និងអាចារ្យសែម ដោយរៀបរាប់បង្ហាញអំពីអំពើឃោរឃៅរបស់ពួកនាយទុនគ្រប់ប្រភេទ និងមាគ៌ារៀបចំទម្រង់សង្គមឡើងវិញតាមទស្សនៈជឿនលឿនថ្មី។

សកម្មភាពបំផុសចលនាមហាជនប្រជាជននេះត្រូវបានធ្វើឲ្យគ្រូម៉ៅជាប់គុកអស់រយៈពេល២ខែ។ គ្រូបង្រៀនដទៃៗទៀតក៏ត្រូវតាមដាន និងត្រូវក្រសួងអប់រំផ្លាស់ចេញពីភូមិម៉ាស៊ីនស្រូវជាពិសេសចំពោះគ្រូចន្ទ គ្រូថាន់ និងគ្រូវ៉ាត។ វិធានការរបស់ក្រសួងដែលចង់បង្អាក់ចលនាមហាជន និងផ្តាច់ទំនាក់ទំនងជាមួយមហាជនពុំបានទទួលលទ្ធផលជាវិជ្ជមានទេ ពីព្រោះគ្រូផ្លាស់ថ្មីដែលមកជំនួសក៏មានទស្សនៈសង្គមដូចគ្រូមុនៗដដែល។ ក្រោយមកសុវត្ថិភាពក្នុងស្រុកព្រៃទទឹងក៏ប្រែជាមានសភាពធូរស្រាលឡើងវិញ ហើយអ្នកជាប់គុកនិងជាប់ពិរុទ្ធក៏ត្រូវរួចខ្លួន។

លុះដល់វិស្សមកាល ខែចេត្រ គ្រូចន្ទ គ្រូថាន់ គ្រូវ៉ាតក៏នាំគ្នាមកលេងភូមិម៉ាស៊ីនស្រូវវិញយ៉ាងសប្បាយរីករាយ។ គេបានពិភាក្សាគ្នាអំពីគោលគំនិត និងមធ្យោបាយផ្សេងៗសម្រាប់រៀបចំសង្គមឡើងវិញ ក្នុងទស្សនៈគោលជំហរជឿនលឿនដដែល។

ល្ខោននិយាយ

ខណៈពេលដែលប្រទេសកម្ពុជាត្រូវបានគេស្គាល់តាមរយៈសិល្បៈសម្តែងល្ខោនប្រពៃណី ដូចជាបាសាក់ និងយីកេ ល្ខោននិយាយ គឺជាទម្រង់សិល្បៈទំនើប និងជាកូនកាត់នៃរឿងភាគអឺរ៉ុប និងប្រពៃណីខ្មែរ។ វាត្រូវបានអនុវត្តជាចម្បងតាមរយៈសុន្ទរកថារបស់តួអង្គជាជាងតន្ត្រី ចម្រៀង ឬតម្រា ហើយផ្តោតលើជីវិតនៅក្នុងសង្គមទំនើប ជាពិសេសសម័យក្រោយអាណានិគម។ ល្ខោននិយាយ គឺជាទម្រង់ល្ខោនដែលមានលក្ខណៈទំនើបបំផុតមួយក្នុងល្ខោនខ្មែរ។

Related post