ជំនួបកកូរសៀវភៅលើកទី៧ | មូលដ្ឋានគ្រិះនៃការបកប្រែអក្សរសិល្ប៍បារាំង

ដំណឹងពិសេសសម្រាប់អ្នកចូលចិត្តអាន និងមានបំណងចង់រៀនពីគន្លឹះនៃការបកប្រែអក្សរសិល្ប៍បារាំង !

វិទ្យាស្ថានបារំាង និង កកូរសៀវភៅ (Korko Sheavphov) បានសហការគ្នាក្នុងការរៀបចំនូវ «ជំនួបកកូរសៀវភៅ លើកទី៧» និងកិច្ចពិភាក្សាក្រោមប្រធានបទ «គន្លឹះ ក្នុងការបកប្រែអក្សរសិល្ប៍បារាំង» ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី ៣០ មីនា ខាងមុខនេះ។

ជំនួបកកូរសៀវភៅលើកទី៧ នឹងផ្តល់ឱកាស ដល់អ្នកចូលរួម អាចមានឱកាសចែករំលែកពីសៀវភៅដែលខ្លួនចូលចិត្ត ឬស្ដាប់ពីការចែករំលែកពីសៀវភៅរបស់អ្នកចូលចិត្តអានឡើងចែករំលែក។ កាន់តែពិសេស យើងនឹងមានកិច្ចពិភាក្សាពី «គន្លឹះ ក្នុងការបកប្រែអក្សរសិល្ប៍បារាំង» ដោយការចូលរួមពី វាគ្មិនកិត្តិយរបស់របស់យើងគឺ អ្នកស្រី ហួត សុជាតា (ស្ថាបនិក គ្រឹះស្ថានបោះពុម្ភ អាវតារ) និង អ្នកស្រី ស្រី សម្ផស្ស (អ្នកបកប្រែឯករាជ្យ/ប្រធានផ្នែកលក់នៃក្រុមហ៊ុន EXO Travel)។

កម្មវិធីនេះនឹងបន្តដោយការចុះហត្ថលេខានៅបណ្ណាល័យពហុឯកសារនៃវិទ្យាស្ថានបារាំង
ប្រវត្តិរូបសង្ខេប

កកូរសៀវភៅ បង្កើតឡើងដើម្បីឲ្យអ្នកអាននិងអ្នកអាន អ្នកនិពន្ធ និងអ្នកអានបានចួបជុំជជែក និងចែករំលែកចំណេះដឹង ការយល់ឃើញទស្សនៈវិជ្ជមាន ដែលអាចជះត្រឡប់មកកាន់ជីវិតនៃអ្នកអានក្នុងលទ្ធផលវិជ្ជមានណាមួយ ដែលមានសារៈប្រយោជន៍ តាមរយៈការអានចម្រុះបែប។ មូលហេតុនៃការបង្កើតមានកកូរសៀវភៅ ដោយមានការយកលំនាំតាម សម្លខ្មែរមួយមុខ «សម្លកកូរ» ដែលដណ្ដាំស្លចេញពីបន្លែ គ្រឿងសាច់ជាច្រើនមុខ ចម្រុះបែប ដែលសម្បូរទៅដោយជីវជាតិ និងអត្ថប្រយោជន៍ ប្រៀបបានកកូរសៀវភៅ មានការជួបជុំផ្ដោះប្ដូរចំណេះដឹងតាមរយៈការអាន ចម្រុះបែប។

ហួត សុជាតា បានទទួលបរិញ្ញាបត្រផ្នែកអក្សរសាស្ត្របារាំង ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញនាឆ្នាំ២០០២ ក្រោយមកនាងបានទទួលអនុបណ្ឌិតផ្នែកបកប្រែ។ នាងមានបទពិសោធន៍ជាង១០ឆ្នាំក្នុងនាមជាអ្នកគ្រប់គ្រងកម្មវិធីបោះពុម្ពនៃគ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា។ នាងក៏ជាប្រធានសមាគម «ក្រុមប្រឹក្សាអន្តរជាតិផ្នែកសៀវភៅកុមារ និងយុវជន» ដែលហៅកាត់ថា IBBY និងក៏ជាសមាជិកក្រុមប្រឹក្សាភិបាលនៃមហោស្រពអក្សរសិល្ប៍ខ្មែរដែរ។ នាងបានសរសេរ និងបោះពុម្ពសៀវភៅកុមារ (ស៊ីប៉ា) និងរឿងខ្លី (កម្ពុមេរា ដែលនាងចូលរួមបង្កើតនៅឆ្នាំ២០១៥) ព្រមទាំងសរសេរ និងបកប្រែប្រលោមលោកផងដែរ (ស៊ីប៉ា & អវតារ)។
បច្ចុប្បន្ន នាងជាអ្នកគ្រប់គ្រងនៃគ្រឹះស្ថានបោះពុម្ពផ្សាយ អវតារ ដែលនាងបានសហការបង្កើតកាលពីឆ្នាំ២០២២។

ស្រី សម្ផស្ស បានសិក្សាអក្សរសាស្ត្របារាំងនៅវិទ្យាស្ថានភាសាបរទេស សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងទទួលបានបរិញ្ញាបត្រនាឆ្នាំ ២០០៤។ បច្ចុប្បន្ន សម្ផស្ស ជាប្រធានផ្នែកលក់ (Inbound Sales Manager) នៅក្រុមហ៊ុនទេសចរណ៍ EXO Travel Cambodia។ ក្រៅពីបម្រើការងារក្នុងវិស័យទេសចរណ៍ គាត់បានឆ្លៀតពេលចូលរួមក្នុងការសរសេរនិពន្ធរឿងអប់រំសម្រាប់កុមារ រួមទាំងបកប្រែស្នាដៃផ្សេងៗពីភាសាបារាំង អង់គ្លេស មកជាភាសាខ្មែរ។ នៅឆ្នាំ ២០១៩ គាត់បានសហការជាមួយគម្រោងបកប្រែស្នាដៃអក្សរសិល្ប៍ពិភពលោករបស់អង្គការយូនេស្កូ (UNESCO) ក្នុងការបកប្រែរឿងខ្លីៗរបស់ Guy de Maupassant «ស្នេហានិងការពិត» និងបានបោះពុម្ពដោយគ្រឹះស្ថាន កម្ពុមេរា។ នៅឆ្នាំ ២០២៣ សម្ផស្ស ក៏បានចូលរួមសហការបង្កើតក្រុមការងារ «ស្លាបកែវ» ដែលបានបោះពុម្ពសៀវភៅលើកទី១ របស់ក្រុមរឿង «ផ្ទះត្រើយស្ទឹងម្ខាង»។

Related post