ឆាកនៅទីធ្លាខាងក្នុងនៃវិទ្យាស្ថាន សម្រាប់មនុស្សទូទៅ តម្លៃ ៥$ ចាប់ពីថ្ងៃទី ០៣ ខែកុម្ភៈ ដល់ថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២៣ វិទ្យាស្ថានបារាំងនៅកម្ពុជា ស្វាគមន៍អង្គការសិល្បៈខ្មែរអមតៈ សម្រាប់កម្មវិធីឆ្នាំ ២០២៣ នៅលើឆាកថ្មីរបស់ខ្លួន ! រដូវកាលវប្បធម៌ទី ៤ អង្គការសិល្បៈខ្មែរអមតៈ ក្រោមចំណងជើងថា “តែឯង តែយើង” បានរៀបចំរួចជាស្រេចហើយ ! ការលាយបញ្ចូលគ្នារវាងសិល្បៈបុរាណខ្មែរ និងសិល្បៈសហសម័យ អក្សរសិល្ប៍ទំនើប និងសិល្បៈឌីជីថល ដែលនឹងប្រព្រឹត្តទៅរៀងរាល់ចុងសប្តាហ៍ក្នុងខែកុម្ភៈ និងខែមីនា នៅវិទ្យាស្ថានបារាំងនៅកម្ពុជា និងបីកន្លែងផ្សេងទៀតក្នុងរាជធានីភ្នំពេញ។ វិទ្យាស្ថានបារាំងនៅកម្ពុជា នឹងរៀបចំកម្មវិធីចំនួន ១០ ដែលបង្កើត និងកាក់តែងឡើង ដោយអង្គការសិល្បៈខ្មែរអមតៈ នៅលើឆាកបើកនៅទីធ្លាខាងក្រៅ របស់ខ្លួនចាប់ពីថ្ងៃទី ០៣ ខែកុម្ភៈ ដល់ថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៣។ គោលបំណងសំខាន់នៃកម្មវិធីចម្រុះពណ៌នេះគឺដើម្បីគាំទ្រដល់ឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិតនៅក្នុងប្រទេសកម្ពុជា និងដើម្បីបង្ហាញពីទេពកោសល្យជំនាន់ថ្មី។ ជួបគ្នានៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ នៅវិទ្យាស្ថានបារាំង ដើម្បីស្វែងយល់ពីវិស័យសិល្បៈខ្មែរ! ថ្ងៃសុក្រ ទី៣ និងថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈវេលាម៉ោង ៦កន្លះល្ងាច“លិន ថោង” | ល្ខោនបុរាណ (៦០ នាទី) ព័ត៌មានបន្ថែម ព្រះអង្គម្ចាស់ លិន ថោង បានចាប់ចិត្តប្រតិព័ទ្ធជាមួយនឹងព្រះនាង ខ្លាំ ភូ ដែលជាបុត្រីរបស់ អកលយក្ស ជាស្តេចនៃនគរយក្ស ។ នៅពេលស្តេចយក្សប្រមើលទតឃើញថា ហាក់មានអ្វីមួយចម្លែក ហើយព្រមទាំងដឹងពីរឿងស្នេហារបស់បុត្រីនិងព្រះអង្គ លិន ថោង ដែលជារឿងគួរឱ្យអាម៉ាស់ដល់នគរ ស្តេចយក្សក៏ប្រកាសសង្គ្រាមជាមួយព្រះអង្គម្ចាស់ លិន ថោង ។នាំមកជូនដោយ ពុំ សុខឃីម និងណម ណារីម ថ្ងៃសុក្រ ទី ១០ និងថ្ងៃសៅរ៍ ទី ១១ ខែកុម្ភៈ វេលាម៉ោង ៦កន្លះល្ងាច “ក្លាយ” | របាំសហសម័យ (៤០ នាទី) ព័ត៌មានបន្ថែម ក្លាយគឺជាស្នាដៃថ្មីមួយនិយាយអំពី ទម្រង់ល្ខោនខោល បូកបញ្ចូលជាមួយនិងគំនិតច្នៃប្រឌិតថ្មី ដែលពឹងផ្នែកទៅលើទម្រង់សហសម័យ ដែលមានចលនាក្បាច់របាំ ភ្លេង កាយវិការតាមបែបច្នៃប្រឌិត ហើយស្នាដៃនេះបានពឹងផ្អែកទៅលើគំនិត ក្នុងការសាកល្បងបង្កើតថ្មី ស្វែងរកនូវវិធី និងគុណតំលៃបន្ថែមនៃមូលដ្ឋានក្បាច់បុរាណខ្មែរ ល្ខោនខោល ដើម្បីធ្វើការអភិរក្ស និងអភិវឌ្ឍន៍ ក្នុងពេលបច្ចុប្បន្ននេះ។.ដឹកនាំដោយនិងតំឡើងដោយ៖ ចេក សាំងថន ថ្ងៃព្រហស្បតិ៍ ទី ១៦ និងថ្ងៃសៅរ៍ ទី ១៨ ខែកុម្ភៈ ម៉ោង ៦កន្លះ“សំឡេង” | តន្ត្រីនិងរបាំពិសោធន៍(៤០ នាទី) ព័ត៌មានបន្ថែម “សំឡេង”, តើជាសំឡេងនរណា ? តើវាចេញមកពីណា ? តើវាកំពុងតែប្រាប់ពីអ្វី ?សំឡេង គឺជាការធ្វើពិសោធតន្ត្រីថ្មីមួយ ជាមួយនឹងរបាំសហសម័យ ។ សំឡេង នឹងនិយាយជំនួសអ្នកនិពន្ធតន្រ្តី តាមរយៈការពិសោធតន្ត្រីដែលមានឧបករណ៍តន្ត្រីប្រមាណជា ១០ រួមមាន ឧបករណ៍តន្ត្រីបុរាណខ្មែរ ឧបករណ៍តន្ត្រីសម័យ និងឧបករណ៍តន្ត្រីមកពីបស្ចឹមប្រទេស ។និពន្ធដោយ៖ រស់ សុគន្ធា រួមជាមួយទីប្រឹក្សាសិល្បៈដោយ នួន សុវិទូ ថ្ងៃសុក្រទី ២៤ និងថ្ងៃសៅរ៍ទី ២៥ ខែកុម្ភៈ ម៉ោង ៦កន្លះល្ងាច“ជម្រើសខ្ញុំ” | ល្ខោននិយាយ (៦០នាទី) ព័ត៌មានបន្ថែម ការរស់នៅដោយសេរីភាពនិងអាចពឹងលើខ្លួនឯងបាន រ៉ាដា ដែលមានអាយុ ២៧ ឆ្នាំ សប្បាយចិត្តនឹងបែបរស់នៅរបស់ខ្លួន និងមិនដែលចង់កសាងគ្រួសារផ្ទាល់ខ្លួននោះឡើយ ។ ដោយសារបែបនេះហើយ ទើបបានជាមានជម្លោះឥតឈប់ឈរជាមួយម្តាយរបស់ខ្លួន ដែលតែងតែបារម្ភពីអនាគតរបស់កូនស្រី ហើយព្យាយាមរៀបចំល្បិចឱ្យនាងបានជួបជាមួយបុរស់ម្នាក់ ។ តើនៅទីបញ្ចប់ រ៉ាដា នឹងជ្រើសរើសអ្វី ?និពន្ធដោយ៖ ពៅ ញាតតា, ដឹកនាំដោយ៖ ពុំធារ៉ា ចិន្ដា រួមទាំងជំនួយការដឹកនាំ៖ ហ៊ួត សុខកន្និដ្ឋា ថ្ងៃសុក្រទី ៣ និងថ្ងៃសៅរ៍ ទី ៤ ខែមីនា វេលាម៉ោង ៦កន្លះ“ដូចគ្នា ដូចគ្នា” & “ភ្នែកម្នាស់-III” | របាំសហសម័យ និងការចាក់បញ្ចាំង (៤៥ នាទី) ព័ត៌មានបន្ថែម ជាមួយនឹងការប្រគុំតន្ត្រីប៉ុបបារាំងនៅផ្នែកទីពីរនៃពេលល្ងាចជាមួយ ហ្សាល ប៉ាទីស (ម៉ោង ៨យប់)។ សម្រាប់ព័ត៌មានបន្ថែម >> ដូចគ្នា ដូចគ្នា ស្នាដៃនេះ នឹងបង្ហាញពីការទទួលស្គាល់លើទេពកោសល្យរបស់នាដកម្នាក់ៗដែលមានពិការភាព ហើយក៏ជាវិធីមួយដើម្បីស្វែងរកថាតើភាពផ្សេងៗគ្នានិងបរិយាបន្ននៅកម្ពុជានាបច្ចុប្បន្នមានលក្ខណៈដូចម្តេច ។ ដឹកនាំដោយនិងតំឡើងដោយ៖ អេពិកអិនខោនធើ រួមជាមួយទីប្រឹក្សាសិល្បៈ ជុំវណ្ណ សូដាជីវីការឃ្លាំមើលបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើង សម្រាប់ពិភពលោកនាពេលបច្ចុប្បន្ន ។ រាល់ចលនារបស់យើងត្រូវបានថតទុក សកម្មភាពតាមប្រពន្ធ័អេឡិចត្រូនិក និងព័ត៌មានផ្ទាល់ខ្លួនត្រូវបានជួញដូរ។ យើងមិនសូវចាប់អារម្មណ៌ពីវត្តមាននៃកាមេរ៉ាសុវត្ថិភាពស្ទើរតែគ្រប់ទីកន្លែង ដែលតែងតែសំឡឹងឃ្លាំមើលយើងយ៉ាងស្ងៀមស្ងាត់ ហើយក៏ជាការពិតដែលយើងត្រូវទទួលយក ក្រោមរូបភាពនៃការការពារសុវត្ថិភាពផ្ទាល់ខ្លួន ផ្នែកជំនួញ ការគ្រប់គ្រប់ចរាចរណ៍ ក៏ដូចជាហ្វូងមនុស្ស។ ប៉ុន្តែយើងកុំភ្លេចថា កាមេរ៉ាដដែល ដែលយើងគិតថាកំពុងតែការពារយើងនោះ ក៏អាចក្លាយជាឩបករណ៍ ដែលនាំអោយយើងបាត់បង់ឯកជនភាព និងសេរីភាពផងដែរ។សិល្បករ ខៀវ កាណែល បានសហការជាមួយនាដករ យ៉ុន ដាវី ដោយប្រើប្រាស់ចលនាបង្កើតជាការស្រមើស្រមៃ ការលេងសើចសប្បាយ ប៉ុន្តែបង្កប់នូវការប្រុងប្រយត្ន័ និងភាពលាក់កំបាំង តាមរយៈការប្រើប្រាស់វីដេអូដែលថតនៅទីតាំងមួយចំនួនក្នុងទីក្រុងភ្នំពេញ ដែលមានទំនាក់ទំនងជាមួយសិល្បៈ ការសម្តែង ការរៀនសូត្រ និងស្វ័យភាព។ដោយ ខៀវ កាណែល ជាមួយ យ៉ុន ដាវី (អ្នករាំ) និង ស៊ែម អ៊ីសាន (អ្នករៀបចំ)